Tuesday, January 10, 2017

សុខភាពមាត់ធ្មេញ៖ ការដាក់ធ្មេញស្រោប និងធ្មេញស្ពាន (Dental Crown and Dental Bridges)


សុខភាពមាត់ធ្មេញ៖ ការដាក់ធ្មេញស្រោប និងធ្មេញស្ពាន (Dental Crown and Dental Bridges)


តើធ្មេញស្រោបនិងធ្មេញស្ពាន គឺជាអ្វី?
ធ្មេញស្រោបឬហៅថា Dental Crowns និងធ្មេញស្ពានឬហៅថា Dental Bridges គឺជាបច្ចេកទេស ស្រោបឬដាក់ជំនួសធ្មេញដែលខូចខាតឬបាត់បង់។ ធ្មេញស្រោប គឺជាការស្រោបធ្មេញ មួយៗដាច់ពីគ្នា ចំណែកឯធ្មេញស្ពាន់ គឺជាការស្រោបធ្មេញច្រើនដោយភ្ជាប់ទៅនឹងបង្គោល សងខាងពីរ ឬលើសពីនេះ។ ធ្មេញស្រោបនិងធ្មេញស្ពាន ត្រូវបានភ្ជាប់ដោយស៊ីម៉ង់ម្យ៉ាង ដែលប្រើក្នុងវិស័យទន្តសាស្រ្ត(cement) ទៅលើបង្គោលធ្មេញធម្មជាតិ ឬបង្គោលធ្មេញសិប្បនិមិត្ត(Dental Implant)។  



ការដាក់ធ្មេញស្រោប និងធ្មេញស្ពាន ផ្តល់នូវអត្ថប្រយោជន៍ជាខ្លាំងក្នុងការបង្កើនភាពរឹងមាំនៃធ្មេញ និងជាពិសេសបង្កើនសោភណ្ឌភាព និងសម្រស់របស់លោកអ្នកដែលធ្វើឲ្យលោកអ្នកមានភាពស្និទ្ធស្នាល និងមានទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងគ្នាទាំងនៅកន្លែងការងារ សង្គម និងក្នុងរង្វង់ក្រុមគ្រួសារ។ ក្រៅពីនេះ ធ្មេញស្រោបនិងធ្មេញស្ពាន់ បានជួយបង្កើតឡើងវិញនូវមុខងារទំពារ ដែលធ្វើឲ្យលោកអ្នកមានផាសុខភាពក្នុងការទទួលទានអាហារផងដែរ។
តើប្រភេទនិងមុខងាររបស់ធ្មេញស្រោបមានអ្វីខ្លះ?
ប្រភេទធ្មេញស្រោប មាន 4 ប្រភេទ ដូចជា ប៉សេឡែន(Porcelain) និងសេរ៉ាមិច(Ceramic) គឺយើងអាចចាក់ពណ៌តម្រូវទៅតាមពណ៌ធម្មជាតិរបស់យើងបាន ហើយគេច្រើនប្រើប្រភេទធ្មេញ ទាំងពីរនេះសម្រាប់ធ្មេញមុខ។ ចំណែកឯធ្មេញស្រោប ប្រភេទ មាស(Gold) និងដែក(Metal Alloys) មានលក្ខណៈរឹងមាំ ដូចនេះហើយគេច្រើនប្រើសម្រាប់ធ្មេញខាងក្រោយ ឬធ្មេញថ្គាម។ 



ធ្មេញស្រោប ត្រូវបានប្រើដើម្បី៖
• ស្រោបលើធ្មេញដែលមានការបិតឬប៉ះធំ
• ស្រោបលើបង្គោលធ្មេញសិប្បនិមិត្ត ឬហៅថា(Dental Implant)
• ស្រោបលើធ្មេញប្តូរពណ៌ដោយសារការព្យាបាលសរសៃឬសធ្មេញ
• ការពារធ្មេញដែលងាយបែកបាក់
• ជំនួសធ្មេញដែលបាត់បង់
• ភ្ជាប់ជាមួយធ្មេញស្ពាន
ធ្មេញស្ពាន ត្រូវបានប្រើប្រាស់ ដើម្បីដាក់ជំនួសធ្មេញដែលបាត់បង់មួយឬច្រើន។ ចំពោះចន្លោះធ្មេញ ដែលត្រូវបានដកគួរតែត្រូវបានដាក់ជំនួស បើមិនដូច្នោះទេ វានឹងធ្វើឲ្យវិល មានចន្លោះ និងបង្ករឲ្យងាំធ្មេញប្រែប្រួលខុសធម្មតា និងអាចបង្ករឲ្យមានបញ្ហាសន្លាក់ឆ្អឹងថ្គាមទៀតផង។  




តើធ្មេញស្រោបនិងធ្មេញស្ពាន ត្រូវបានធ្វើឡើងដូចម្តេច?
ធ្មេញស្រោបនិងធ្មេញស្ពាន ត្រូវបានធ្វើឡើងដោយ ឆាបបន្ថយទំហំធ្មេញធម្មជាតិបន្តិច បន្ទាប់មកទន្តបណ្ឌិតនឹងធ្វើការខាំពុម្ព ដើម្បីធ្វើធ្មេញដាក់ជំនួសមកវិញឲ្យបានល្អ។
ការដាក់ធ្មេញស្រោបនិងធ្មេញស្ពាន ជាមួយនឹងទន្តបណ្ឌិតជំនាញ គួបផ្សំនឹងការថែទាំសុខភាពមាត់ធ្មេញបានល្អ អាចឲ្យយើងប្រើប្រាស់វាបានពេញមួយជីវិត។ ហើយដើម្បីរក្សាសុខភាពមាត់ធ្មេញរបស់លោកអ្នកឲ្យបានល្អ សូមធ្វើការពិនិត្យមាត់ធ្មេញបានទៀតទាត់ជារៀងរាល់៦ខែម្តង ជាមួយនឹងទន្តបណ្ឌិតជំនាញ។
នៅក្នុងលក្ខខណ្ឌដែលធ្មេញស្រោប និងធ្មេញស្ពាន ត្រូវបានដាក់មិនត្រឹមត្រូវតាមបច្ចេកទេស ធ្មេញដែលដាក់នោះនឹងវិល ឬរបូតចេញ។ ហើយបើយើងនៅតែប្រើបន្តដាក់ធ្មេញស្រោប និងធ្មេញស្ពានទៀត គឺយើងនឹងត្រូវឆាបធ្មេញធម្មជាតិដែលនៅល្អ 2 សងខាងទៀត។ ជាមួយនឹងការកែខៃបែបនេះ យើងនឹងបាត់បង់ធ្មេញធម្មជាតិជាដំណាក់កាលរហូតដល់អស់តែម្តង។ ហើយការដាក់ធ្មេញមិនបានត្រឹមត្រូវនេះមិនត្រឹមតែធ្វើឲ្យលោកអ្នកបាត់បង់ធ្មេញធម្មជាតិ កាន់តែច្រើននោះទេគឺ ថែមទាំងមានបញ្ហាក្លិនមាត់មិនល្អទៀតផង។ ហេតុនេះ បច្ចេកទេសថ្មីបំផុតដែលអាចផ្តល់ទាំងគុណភាព និរន្តរភាព ព្រមទាំងផាសុខភាពដូចធ្មេញធម្មជាតិនោះ គឺការដាំបង្គោលធ្មេញក្នុងឆ្អឹង។ ការដាំបង្គោលធ្មេញក្នុងឆ្អឹងត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឲ្យអ្នកជំងឺនូវការដកមួយដាក់មួយ ដែលមិនប៉ះពាល់ដល់ធ្មេញជិតខាង។ ទោះជាយ៉ាងណា ការជ្រើសរើសព្យាបាលតាមបច្ចេកទេសណាមួយ គឺជាការសម្រេចចិត្តរបស់អ្នកជំងឺខ្លួនឯង៕


EmoticonEmoticon